តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា
លោក ហ៊ុន ម៉ានី អំពាវនាវដល់អ្នកគាំទ្រកម្ពុជា
កុំធ្វើទង្វើមិនគប្បីទៅកាន់ប្រតិភូ និងអត្តពលិកបរទេស
ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី32 នៅកម្ពុជា។ ការអំពាវនាវនេះ
ធ្វើឡើងបន្ទាប់ពីលោក
បានឃើញវីដែអូអ្នកគាំទ្រស្រែកហ៊ោបែបឌឺដងទៅកាន់អត្តពលិក
បរទេស ដោយពាក្យជាភាសាអង់គ្លេស «Go Home» មានន័យថា «ទៅផ្ទះវិញ»។
«ទង្វើដែលមិនគួរឲ្យកើតមាន!» លោក ហ៊ុន ម៉ានី មិនគាំទ្រឱ្យពលរដ្ឋកម្ពុជា
ធ្វើទង្វើបែបនេះឡើយ។ សម្រាប់លោក ហ៊ុន ម៉ានី ក្នុងនាមជាម្ចាស់ផ្ទះនោះ
ពលរដ្ឋកម្ពុជា ត្រូវដើរតួនាទីជាអ្នកទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូ
និងអត្តពលិកទាំងអស់ ដោយមិនត្រូវប្រព្រឹត្តសកម្មភាព ដែលប៉ះពាល់ដល់មុខមាត់ជាតិឡើយ។
«ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ
យើងគប្បីធ្វើបដិសណ្ឋារកិច្ច
និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក
ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព
និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
នេះជាសំណេររបស់ប្រធាន ស.ស.យ.ក សញ្ញាមិនគាំទ្រចំពោះវីដេអូ
ដែលបង្ហាញពីទង្វើរបស់អ្នកគាំទ្រ ទៅកាន់អត្តពលិកបរទេស។
បើតាមលោក ម៉ានី សកម្មភាពដែលនាំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍
ឬការមិនពេញចិត្តណាមួយមកលើកម្ពុជាបែបនេះ ជាចំណុចសំខាន់
ដែលពលរដ្ឋទាំងអស់គួរតែជៀសវាងឱ្យបានជាដាច់ខាត មិនថាការចូលរួមដោយផ្ទាល់
ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។
តំណាងរាស្ត្រកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី17 ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី3 ដល់ថ្ងៃទី9 ខែមិថុនា ឆ្នាំ2023»។
លោក បន្ថែមថា «កម្ពុជាបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល
ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី
និងអ្នកចូលរួមទាំងអស់
ដូច្នេះយើងម្នាក់ៗដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង
ចូលរួមដោយសប្បាយរីករាយ
ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង
និងមិត្តភក្តិបរទេសរបស់យើងផង»។
0 Comments